គ្រុនឈាមជាតួឯកនៅរដូវភ្លៀងធ្លាក់ ដែលយាយី និងរាតត្បាតលើកុមារធ្ងន់ធ្ងរកាលពីឆ្នាំ ២០១៩ កន្លងទៅ។ អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី បានឱ្យដឹងថា ជំងឺគ្រុនឈាមចែកចេញជា ៣ដំណាក់កាលសំខាន់ៗ ហើយម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានៅដំណាក់កាលទី១ ឬដំបូងឱ្យបានច្បាស់ ទើបកូនមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចជួយសង្គ្រោះបាន។
១. ដំណាក់កាលទី ១
ជាដំណាក់កាលក្តៅខ្លួន មានរយៈពេល ៣ ថ្ងៃដំបូង ដែលក្មេងក្តៅខ្លួនខ្លាំង ដាក់ថ្នាំយ៉ាងណាក៏មិនត្រជាក់ខ្លួន។ ឧ. កុមារឡើងកម្តៅដល់ ៤០ អង្សារសេ ដាក់ថ្នាំបញ្ចុះកម្តៅទៅយ៉ាងច្រើនចុះ ១ អង្សារសេប៉ុណ្ណោះ។ សញ្ញាទី២ ក្មេងអាចឈឺពេញពោះ ពិសេសផ្នែកខាងស្តាំ នៃឆ្អឹងជំនី ក្មេងមិនសូវញុំា មិនសូវលេង ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា ឈឺឆ្អឹង គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក ដែលស្នាមនេះខុសពីស្នាមមូសខាំ ដោយយកដៃញែកមិនបាត់ក្រហមនោះទេ។
ដោយហេតុថា អាការៈខាងលើអាចច្រឡំនឹងជំងឺផ្សេងៗ លោកវេជ្ជបណ្ឌិតបានលើកឡើងពីចំណុចពិសេសនៃរោគសញ្ញាជំងឺគ្រុនឈាមដំណាក់កាលដំបូង ដែលអាចឱ្យម៉ាក់ប៉ាងាយស្រួលចំណាំបំផុត គឺក្មេងក្តៅខ្លួន ៣ ថ្ងៃ ចាប់ផ្តើមត្រជាក់វិញ តែអាការៈផ្សេងៗនៅតែមិនធូរ បានន័យថាក្មេងនៅគេងសន្លឹម មិនសូវលេង មិនសូវញុំាដដែល ម៉ាក់ប៉ាត្រូវប្រញាប់នាំជួបគ្រូពេទ្យ។
២. ដំណាក់កាលទី ២
ជាដំណាក់កាលក្មេងចាប់ត្រជាក់ខ្លួន ប៉ុន្តែសុខភាពក្មេងមិនទាន់ស្រួលនោះទេ ហើយរោគសញ្ញាដែលកើតចេញនៅដំណាក់កាលទី ១ នៅមានដដែល តែរាងធ្ងន់ជាងមុន។ ឧ. ក្មេងឈឺពោះជាងមុន ក្មេងធ្លាប់តែដេកសន្លឹម ទៅជាឡេះឡះ អាចមានហូរឈាមច្រើនជាងមុន មានវិបត្តិជីពចរ សម្ពាធឈាមធ្លាក់ចុះ ស្ហុក ត្រជាក់ចុងដៃជើង។ ដំណាក់កាលទី ២ នេះ ជាដំណាក់កាលធ្ងន់ធ្ងរ ក្មេងអាចហូរឈាមខ្លាំង ឈាមអាចខាប់ក្នុងសរសៃឈាម តែឈាមហ្នឹងចេញក្នុងខ្លួន ធ្វើឱ្យហើមសួត ក្មេងហត់ ប៉ះពាល់ទៅលើតម្រងនោម ថ្លើម ខួរក្បាល និងអាចធ្វើឱ្យក្មេងស្លាប់។
៣. ដំណាក់កាលទី ៣
ជាដំណាក់កាលជាសះស្បើយ អាចអំឡុងថ្ងៃទី ៦ - ៧ នៃការកើតជំងឺគ្រុនឈាម។ ដំណាក់កាលទី ៣ នេះ ក្មេងមានសុខភាពល្អ ចាប់ផ្តើមលេងញុំាដូចធម្មតាវិញ ឯសម្ពាធឈាម និងជីពចរល្អឡើងវិញ ក្តៅស្មើធម្មតា តែជួនកាលក្មេងអាចចេញកន្ទួលអុចៗច្រើនជាងមុន និងមានរមាស់ តែមិនមានធ្វើទុក្ខអ្វីនោះទេ ម៉ាក់ប៉ាមិនបាច់បារម្ភនោះទេ វាជាដំណាក់កាលជាសះស្បើយប៉ុណ្ណោះ៕
ដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត