ភេសជ្ជៈ ៦ មុខ ថោកហើយងាយរកទិញ ដែលជួយអ្នកកម្ចាត់ខ្លាញ់ក្បាលពោះ បានយ៉ាងឆាប់រហ័ស

ការទទួលទានភេសជ្ជៈទាំងនេះជាប្រចាំ នឹងនាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើន ដល់ដំណើរការសម្រកទម្ងន់ និងដុតកម្ទេចខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័ស។

១. ទឹកតាសក់ក្រឡុក

អាហារដែលមានកាឡូរីទាប និងទឹកខ្ពស់មានប្រយោជន៍សម្រាប់ការសម្រកទម្ងន់។ តាសក់ គឺជាផ្នែកមួយនៃប្រភេទអាហារបែបនេះ។ ក្នុងផ្លែសក់មួយ (ប្រហែល ៥១g) មានត្រឹមតែ ៨ កាឡូរី ជាតិខ្លាញ់ ០.១g ប៉ុន្តែមានជាតិសរសៃ និងទឹកច្រើន។ ទឹកតាសក់ក្រឡុក អាចជួយអ្នកដែលត្រូវការរបបអាហារសម្រកទម្ងន់។ វាអាចជម្រុញការរំលាយអាហារ និងដុតបំផ្លាញកាឡូរី រក្សាអារម្មណ៍ឆ្អែតបានយូរ ជួយកំណត់ការទទួលទានពេលយប់។

លើសពីនេះ តាសក់ក៏ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រសិទ្ធិភាពធ្វើឱ្យស្បែកស្រស់ស្អាត ការពារជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ទឹកនោមផ្អែម…។

២. ទឹកខ្ញី

ខ្ញីមានផ្ទុកសារធាតុសកម្ម gingerol ដែលជួយបង្កើនកម្រិត pH ក្នុងក្រពះ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកូលេស្តេរ៉ុល និងជួយកាត់បន្ថយការឃ្លាន។ លើសពីនេះ ទឹកខ្ញីក៏ជួយជម្រុញប្រព័ន្ធរំលាយអាហារឱ្យដំណើរការយ៉ាងមានប្រសិទ្ធភាព ទប់ស្កាត់អ័រម៉ូនធាត់ និងកាត់បន្ថយជាតិខ្លាញ់លើសនៅក្នុងពោះ។

ទឹកខ្ញីមានរសជាតិហឹរតិចៗ ដូច្នេះអ្នកអាចផ្សំជាមួយក្រូចឆ្មា ទឹកឃ្មុំ ស្លឹកគ្រៃ និងទឹកចម្រោះ។ ទាំងនេះ គឺជាគ្រឿងផ្សំដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់រាងកាយ។

Image_2021 12 05_170200

៣. ទឹកក្រូចថ្លុង

ផ្លែក្រូចថ្លុងមានរសជាតិផ្អែម និងជូរ មានប្រសិទ្ធិភាពសម្រួលដល់ចរន្តឈាម សម្រួលដល់ការបន្ទោរបង់ ប៉ូវកម្លាំងសម្រាប់លំពែង និងស្ថានភាពឈាម ការពារការស្ទះសរសៃឈាមខួរក្បាល សម្រកទម្ងន់។

អ្នកឯកទេសខាងអាហារូបត្ថម្ភនិយាយថា ប្រសិនបើអ្នកបន្តញុំាក្រូចថ្លុង ឬផឹកទឹកក្រូចថ្លុងរយៈពេល ១២ សប្តាហ៍ អ្នកអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក្រូចថ្លុង ក៏មានផ្ទុកនូវវីតាមីន C ច្រើនផងដែរ ដែលជួយបំប៉នដល់ស្បែកឱ្យកាន់តែទន់ និងភ្លឺថ្លាជាងមុន។


៤. ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលជួយដុតបំផ្លាញជាតិខ្លាញ់នៅកម្រិតកោសិកា កាត់បន្ថយខ្លាញ់ក្បាលពោះ និងកម្រិតការឡើងទម្ងន់។ យោងតាមការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុង Nutrition and Metabolism វីតាមីន C ជួយឱ្យរាងកាយបំបែកជាតិខ្លាញ់អំឡុងពេលហាត់ប្រាណ។

ការផឹកទឹកក្រូចឆ្មាមួយកែវនៅពេលយប់មុនពេលចូលគេង ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ បន្ធូរអារម្មណ៍ កាត់បន្ថយការហើមពោះ និងបង្កើនគុណភាពនៃការគេង។

Image_2021 12 05_170205

៥. ទឹកក្ដៅឧណ្ហៗ

ទឹកគឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងជីវិតមនុស្ស។ វាក៏មានឥទ្ធិពលវិជ្ជមានលើការសម្រកទម្ងន់ផងដែរ។ រាងកាយត្រូវការផ្តល់ជាតិទឹកគ្រប់គ្រាន់ដើម្បីឱ្យមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ កម្រិតការស្រូប និងបង្កើនការដុតកាឡូរី។ ការផឹកទឹកក្តៅអាចបង្កើនល្បឿនដំណើរការនៃការដុតកាឡូរី ជួយឱ្យរាងកាយសម្រាកបានល្អ។

៦. ទឹកទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកសារធាតុ tryptophan ដែលជាអរម៉ូនដែលជួយឱ្យរាងកាយសម្រាក និងផ្ដល់សញ្ញាល្អដល់ការគេង។ ការញុំាទឹកឃ្មុំមុនពេលចូលគេង ជួយឱ្យយើងគេងលក់ស្រួល និងកាន់តែស្កប់ស្កល់។ ជាពិសេស វាក៏ជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានលឿនផងដែរ។

ចំណាំ នៅពេលទទួលទានភេសជ្ជៈទាំងនេះ គួរទទួលទានយ៉ាងហោចណាស់ ៣០ នាទីមុនពេលចូលគេង។ ជាមួយនឹងភេសជ្ជៈដែលមានជាតិអាស៊ីតដូចជាក្រូចឆ្មា និងក្រូចថ្លុង អ្នកគួរតែដុសធ្មេញរបស់អ្នក ៣០ នាទី បន្ទាប់ពីផឹកដើម្បីចៀសវាងការសំណឹកនៃស្រទាប់ធ្មេញ៕

ប្រភព ៖ Phunutoday / Knongsrok