ជំងឺបាយប៉ូឡា ជាជំងឺដែលពាក់ព័ន្ធនឹងផ្លូវចិត្តកម្រិតធ្ងន់ធ្ងរមែនទេ?

១. តើអ្វីទៅជាជំងឺបាយប៉ូឡា?

• ជំងឺបាយប៉ូឡា វាជាជំងឺផ្លូវចិត្តមួយដែលមានលក្ខណៈធ្ងន់ធ្ងរ និងអាចលាប់មកវិញជាញឹកញាប់ ហើយវាអាចប៉ះពាល់ដល់ ទឹកចិត្ត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺយ៉ាងខ្លាំង។

• អ្នកជំងឺអាចនឹងមានរយៈពេលមួយមានសញ្ញាធ្លាក់ទឹកចិត្ត បន្ទាប់មកអាចនឹងមានសញ្ញាមេនៀរ (ទឹកចិត្តឡើងខ្លាំង)។ វាមិនដូចជាភាពធម្មតាដែលយើងមានការរីករាយ រឺធ្លាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញការប៉ះពាល់ដល់ទឹកចិត្ត និងអារម្មណ៍ក្នុងជំងឺបាយប៉ូឡា វាមានលក្ខណៈឡើងខ្លាំង និងចុះមកវិញខ្លាំង ដែលមានរយៈពេលលើសពី២អាទិត្យ និងមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

Image: Woman Sitting Alone And Depressed

👉 ជំងឺបាយប៉ូឡាមានលក្ខណៈ ច្រើនទម្រង់ ពីទឹកចិត្តឡើង បន្ទាប់មកចុះ ឬក៏ទឹកចិត្តចុះ បន្ទាប់មកឡើង ហើយក្នុងរយៈពេលគម្លាតគ្នានេះ អ្នកជំងឺអាចមានទឹកចិត្ត និងអារម្មណ៍ធម្មតា(រយៈពេលខ្លី ឬវែង)។ ទម្រង់ខ្លះមានសញ្ញានៃការឡើង និងចុះនៃទឹកចិត្ត និងអារម្មណ៍ដោយគ្មានគម្លាតពេលពីគ្នានៅអារម្មណ៍ធម្មតានោះទេ (Rapid Cycling)។

២. អ្វីខ្លះជាមូលហេតុនៃជំងឺបាយប៉ូឡា?

• កត្តាចិត្តសាស្រ្ត សង្គមសាស្រ្ត និងកត្តាជីវសាស្រ្ត

• កត្តាតំណពូជ

• កត្តាផ្សេងៗទៀត។

៣. អ្វីខ្លះជារោគសញ្ញាបាយប៉ូឡា?

PERSONALITY DISORDER 1

#រយៈពេលមួយអ្នកជំងឺ ស្ថិតក្នុងស្ថានភាពនៃការធ្លាក់ទឹកចិត្ត ៖

• មានអារម្មណ៍ស្រងូតស្រងាត់ និងអស់សង្ឈឹម

• បាត់បង់ថាមពល

• ពិបាកក្នុងការផ្ចង់អារម្មណ៍ និងការចងចាំ

• បាត់បង់នូវចំណង់ការងារប្រចាំថ្ងៃ

• មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ

• ស្តីបន្ទោសខ្លួនឯង

• មានគំនិតទុទិដ្ឋិនិយមលើអ្វីៗទាំងអស់

• ញាំមិនបាន ឬញាំច្រើន

• វិបត្តិដំណេក


• មានគំនិត ឬធ្លាប់ធ្វើអត្តឃាត

• ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិករួមផ្សំផងដែរ។

#រយ:ពេលមួយអ្នកជំងឺ ស្ថិតក្នុងស្ថានភាពមេនៀរ (ទឹកចិត្តឡើងខ្លាំង) ៖

Sad Dude Compressor

• មានអារម្មណ៍សប្បាយជ្រុល

• និយាយប៉ប៉ាច់ប៉ប៉ោចច្រើន

• មានអារម្មណ៍ថាខ្លួងឯងពោពេញទៅដោយថាមពលខ្ពស់

• មានអារម្មណ៍ថាខ្លួនឯងមានតម្លៃជាងអ្នកដទៃ

• មានអារម្មណ៍ថាខ្លួនឯងពោរពេញទៅដោយគំនិតល្អៗច្រើន និងផែនការណ៍ជាច្រើនដែលសុទ្ធជារឿងសំខាន់ៗសម្រាប់ពួកគាត់ទាំងអស់

• មានស្មារតីមិនមូល

• មានអារម្មណ៍ឆេវឆាវ និងឡេះឡះ

• មិនត្រូវការគេង

• មិនឃ្លានអាហារ

• ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិករួមផ្សំផងដែរ។

៤. តើអ្វីទៅជាការព្យាបាលជំងឺបាយប៉ូឡា?

Understanding Borderline Personality Disorder Relationships

• ការព្យាបាលដោយប្រើឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត ក្នុងរយៈពេលដែលអ្នកជំងឺស្ថិតក្នុងសភាពធ្លាក់ទឹកចិត្ត។

• ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេនៀរ ក្នុងរយៈពេលដែលអ្នកជំងឺស្ថិតក្នុងមេនៀរ។

• ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងវិកលចរិក ក្នុងពេលដែលជំងឺបាយប៉ូឡាលេចឡើងនូវសញ្ញាវិកលចរិក (មានជំនឿខុសប្លែកពីធម្មតា ឮសំឡេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនឮ ឬមិនឃើញ)។

• ការព្យាបាលដោយការនិយាយ

• ការគាំទ្រក្នុងការព្យាបាល និងថែទាំអ្នកជំងឺ។

កត្តាសំខាន់ បើអ្នកមានការសង្ស័យ ឬស្ថិតក្នុងចំណុចទាំងនេះ អ្នកគួរតែទទួលការពិភាក្សា និងការព្យាបាលជាមួយគ្រូពេទ្យជំនាញ៕

ប្រភព ៖ ឯកទេសជម្ងឺផ្លូវចិត្ត និងគ្រឿងញៀន